កាកបាទក្រហមកម្ពុជា ចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ជិត ២ពាន់គ្រួសារ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១,៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមន្ត្រីតំណាងពីកាកបាទក្រហមកម្ពុជា មាន ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៤-៥ នៅស្រុកកណ្តៀង (៩២៥គ្រួសារ) និងក្រុងពោធិ៍សាត់ ( ៣៧៥គ្រួសារ) និងលោកវេជ្ជ, អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៦-៧ នៅស្រុក ភ្នំក្រវាញ (៣២០គ្រួសារ) និងស្រុកវាលវែង (២២៥គ្រួសារ)។

គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ព្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកស៊ីអីវ ឬទឹកត្រី ៦ដប ដែលគិតសរុបជាថវិកាស្មើ ៦៦.៨៨៨,០០ ដុល្លារអាមេរិក។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ សាខាកាកបាទក្រហមខេត្ត បានចែកអំណោយកាកបាទក្រហម ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកកណ្ដៀងប្រមាណ ៩២៥ គ្រួសារ៕

អត្ថបទ៖ អក្ខរា