ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែតុលានេះ បានរៀបចំ «ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ច» នៅក្លឹបវាយកូនគោលហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។
ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ចនេះ ត្រូវបានដឹកនាំការប្រកួតដោយឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានបេសកកម្មការទូតស្ថាប័ន អង្គការអន្តរជាតិ មួយចំនួនប្រចាំនៅកម្ពុជា ព្រមទាំងវិនិយោគិន/ធុរជនជាតិ និងអន្តរជាតិដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ចនេះ ជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដើម្បីអនុវត្ត «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច» ដែល ក្រសួងបានដាក់ចេញកាលពីឆ្នាំ២០២១ ហើយដែលយុទ្ធសាស្ត្រនេះ នឹងរួមចំណែកធ្វើឱ្យសម្រេចបានចក្ខុវិស័យរបស់ប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានកម្ពុជាចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈ សំខាន់នៃព្រឹត្តិការណ៍នេះថា៖ «ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ចនាថ្ងៃនេះ គឺជា ព្រឹត្តិការណ៍កីឡាលើកដំបូងរបស់ក្រសួង ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច។ ការប្រកួតនេះ មិនមែនជាវេទិកាសម្រាប់ប្រកួតប្រជែងគ្នានោះទេ ក៏ប៉ុន្តែ នេះគឺជាវេទិកាដើម្បីបង្កើតនូវមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ អ្នកការទូត ជាមួយនឹងវិស័យឯកជននៅកម្ពុជា»៕