សម្តេចធិបតី ហ៊ុន ម៉ាណែត សោកស្តាយក្រុមអ្នកវិភាគ និងវិទ្យុបរទេសមួយ មិនហ៊ាននិយាយផ្សាយពីសមិទ្ធផលការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ការសង្ស័យលើក្រុមអ្នកវិភាគមួយចំនួនមិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល។ នេះជាការថ្លែងរបស់សម្តេចធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែតុលានេះ។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានប្រកាសសម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថ​នេះមិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។

បន្ថែមទៀតនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មានវិទ្យុបរទេសនៅក្រៅស្រុកមួយ មិនដែលហ៊ានផ្សាយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្ដែខិតខំប្រឌិតព័ត៌មានផ្សព្វផ្សាយ រឿងមិនពិត ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាឱ្យពលរដ្ឋខឹងស្អប់មកលើរាជរដ្ឋាភិបាល។

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការងារសំខាន់ចំនួន៣ ដែលសម្ដេចធិបតី តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំនោះគឺ ទី១.គិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ នឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត។ ២.បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ទី៣.ក្រៅពីថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីមានជីវភាពរឹតតែប្រសើរឡើង៕