សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្ដេចមិនបានសម្រាកនោះទេរហូតដល់ម៉ោង ១២ពាក់កណ្ដាលយប់ ក៏ព្រោះសម្ដេចនៅតែតាមដានអំពីព័ត៌មាន និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។សម្តេចគូសបញ្ជាក់ថា សម្តេចបានយកចិត្តទុកដាក់តាមដានគ្រប់បញ្ហាទាំងអស់ តែសម្តេចទុកឲ្យក្រសួងស្ថាប័នពាក់ព័ន្ធជាអ្នកដោះស្រាយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចក្តាប់នូវព័ត៌មានទាំងអស់ ទាំងបញ្ហា កង្វល់នានាដែលផ្ទុះឡើងលើបណ្តាញសង្គម ក៏ប៉ុន្តែសម្ដេចមិនលូកដៃនោះទេ គឺទុកឲ្យឲ្យក្រសួងស្ថាប័នពាក់ព័ន្ធជាអ្នកទទួលខុសត្រូវដោះស្រាយ។ សម្តេចបានគូសបញ្ជាក់ថា បើរឿងអ្វីៗទាំងអស់ចាំតែនាយករដ្ឋមន្ត្រីចេញមុខដោះស្រាយ ចាំបាច់មានអង្គភាពជំនាញធ្វើអ្វី តើស្ថាប័នទាំងនោះមានអ្វីធ្វើ? ករណីនេះត្រូវនិយាយឲ្យច្បាស់ រឿងធំ រឿងជាតិ នាយករដ្ឋមន្ត្រីត្រូវចេញមុខបកស្រាយ តែរឿងណាដែលមានស្ថាប័ន្ធពាក់ព័ន្ធ ទុកឲ្យស្ថាប័ននោះចេញបកស្រាយ និងដោះស្រាយ។
សម្តេចមានប្រសាសន៍ថា៖ “ពាក់ព័ន្ធនឹងកង្វល់របស់ប្រជាជន គឺខ្ញុំយកចិត្តទុកដាក់ទាំងអស់ គ្រាន់តែថា ការដាក់វិធានការ និងការផ្សព្វផ្សាយជូនសាធារណជន គឺកិច្ចការខ្លះខ្ញុំធ្វើផ្ទាល់ កិច្ចការខ្លះ ខ្ញុំប្រគល់ភារកិច្ចទៅឲ្យក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាអ្នកចាត់វិធានការដោះស្រាយ”៕
អត្ថបទ៖ អក្ខរា