កម្ពុជា រកចំណូលបានជាង ២៧៣ លានដុល្លារ ពីការនាំចេញកៅស៊ូ គិតត្រឹម៨ខែ ឆ្នាំនេះ

គិតត្រឹមរយៈពេល​៨ខែ ឆ្នាំ២០២៣ ពោលគឺចាប់ពីខែមករា ដល់ខែសីហា​កន្លងមកនេះ កម្ពុជា បាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើងទៅកាន់ទីផ្សារអន្តរជាតិ នឹងរកចំណូលបានជិត ២៨០លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូ ដែលផ្សាយចេញកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ក្នុងរបាយការណ៍ថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានចំនួន ២៧២ ១៨១ ៤៩៤ដុល្លារ ដោយបាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើង ចំនួន៦ ៣៥៤តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ចំណែកការនាំចេញឈើកៅស៊ូ ​ទទួលបានថវិកាចំនួន១ ១៧៦ ៦១២ដុល្លារ ពីការនាំចេញឈើកៅស៊ូសម្រេចបានចំនួន៧ ៤៥២ម៉ែត្រគូប។

​ អគ្គនាយកដ្ឋានកៅស៊ូ បន្តថា៖«តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែសីហា ឆ្នាំ២០២៣ ​មានតម្លៃ ១ ២៧៧ដុល្លារ​ក្នុងមួយតោន បានថយចុះចំនួន ២៧ដុល្លារ​ ក្នុងមួយតោន ស្មើនឹង២.០៣% ធៀបនឹងខែមុន និងបានថយចុះចំនួន១៥៣ដុល្លារ​ក្នុងមួយតោន ស្មើនឹង១១%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ដោយឡែកតម្លៃលក់ឈើកៅស៊ូ គិតជាមធ្យមក្នុងខែសីហាឆ្នាំ២០២៣ មានតម្លៃ១៦៧ដុល្លារក្នុងមួយម៉ែត្រគូប»។

សូមរម្លឹកដែរថា កម្ពុជា​ កាលពីឆ្នាំ២០២២កន្លងទៅនេះ​ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕