សមត្ថកិច្ចឃាត់ខ្លួនជនល្មើស ២នាក់ ពាក់ព័ន្ធករណីជួញដូរនារីខ្មែរ ៧រូបទៅឡាវ

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងនៅល្ងាចថ្ងៃទី២ ខែតុលានេះថា ដោយសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ ស្រី៦នាក់​ (អនីតិជន ៤នាក់)​និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន២នាក់​ (ប្តីប្រពន្ធ)​ នៅខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះ អគ្គកុងស៊ុលនឹងសម្របសម្រួលបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។

ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំ​ប្រទេសឡាវ រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នារីខ្មែរ ៦រូប ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅកន្លែង​មានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ទន្ទឹមនេះ ស្ថានទូតបាននិងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ១រូបទៀត៕

អត្ថបទ៖ អក្ខរា