កម្ពុជា បើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី​មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅកម្ពុជា នៅថ្ងៃទី០២​ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី​បានលើកឡើងពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ តាមរយៈ​អនុសារណៈ​នៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៦​មក។ ទាក់ទងនឹង MOU នេះ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim បានបង្ហាញពីបំណងជំរុញការអនុវត្ត MOU នេះ​ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ជាប្រយោជន៍​សម្រាប់ប្រទេសទាំងពីរ។

នៅក្នុងពាណិជ្ជកម្មកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះភាគី​ម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេស​ប្រភេទអង្ករស និងប្រភេទអង្ករ​ក្រអូប។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់មកវិនិយោគលើដំណាំស្វាយម្នាស់ និងអំពៅនៅកម្ពុជា។

ចំពោះការវិនិយោគនេះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រីលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី បាញ់ឆ្ពោះទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ ចំណែកកសិផលសម្រាប់នាំចេញ អ្នកវិនិយោគ​អាចពិចារណាធ្វើកិច្ចសន្យាកសិកម្ម​ជាមួយកសិករខ្មែរ ដើម្បីឱ្យកសិករខ្មែរដាំដុះដំណាំ​ស្របទៅតាមតម្រូវការទីផ្សាររបស់ប្រទេសម៉ាឡេស៊ី៕