នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកងកម្លាំង ជិត២០០នាក់ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមបណ្តាដងស្ទឹងក្នុងខេត្តបន្ទាយមានជ័យ ពិសេសស្ទឹងមង្គលបូរីដែលទទួលទឹកហូរមកពីខេត្តបាត់ដំបង និងទទួលទឹកភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានតាមលិចវាលស្រែ ខណៈប្រជាកសិករកំពុងមមាញឹកពន្លឿនការច្រូតកាត់ស្រូវ។
សូមជម្រាបថា កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ជិតមួយពាន់នាក់ ត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
កងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ បានប្រុងប្រៀប កងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ត្រៀម២៤ម៉ោងលើ២៤ម៉ោង រងចាំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕
អត្ថបទ៖ អក្ខរា