សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតក្នុងឱកាស “ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ” ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា”។
ក្នុងសារលិខិត, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិតណាស់ថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្តែថែមទាំងធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជា វប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិ របស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិយើង។
ក្នុងន័យនេះ ដើម្បីសម្តែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផលនិងមរតកជាច្រើននោះ រាជរដ្ឋាភិបាល បានកសាងលិខិតបទដ្ឋានគតិយុត្តនិងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើតមូលនិធិជនពិការ មូលនិធិជំនួយសង្គម។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយ ស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធនិងនគរបាលត្រៀមចូលនិវត្តន៍។
រាជរដ្ឋាភិបាលក៏បាន បង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់នៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ផងដែរ។
នៅក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការយកចិត្តទុកដាក់លើការងារមនុស្ស វ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា។ ជាក់ស្ដែង រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យ សង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស និងក្នុងមុំទី៤ “ការ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន ៤ គឺ៖ ១)ចីរភាពនៃកម្មវិធី ២)លទ្ធភាពអាចទ្រទ្រង់បាននៃថវិកា ជាតិ ៣)ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយ រងគ្រោះ និងងាយរងហានិភ័យ និង៤)ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍ ជាប្រព័ន្ធ។
ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍ និងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់។ មនុស្សវ័យចាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ៕
អត្ថបទ៖ អក្ខរា