មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីថៃបានអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានទំហំដីសរុប ៤៩០០ ម៉ែត្រការ៉េ (បណ្តោយ ៩៨ ម៉ែត្រ និងទទឹង៥០ ម៉ែត្រ) ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ។ មជ្ឈមណ្ឌលសំចតនេះ ត្រូវប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម៕
អត្ថបទ៖ អក្ខរា