មជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បើកឲ្យប្រើប្រាស់ជាផ្លូវការ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកសម្ពោធមជ្ឈមណ្ឌលធនធាន ជាផ្លូវការដែលមានទីតាំងនៅអគារថ្មីរបស់ខ្លួន នៅក្នុងបរិវេណការិយាល័យថ្មីរបស់អ.វ.ត.ក. អគារលេខ៤០ មហាវិធីសហព័ន្ធរុស្សី (ផ្លូវ១១០) សង្កាត់​មិត្តភាព ខណ្ឌ៧មករា ភ្នំពេញ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ «ក្នុងការអនុវត្តមុខងារសេសសល់ឲ្យបានទទួលជោគជ័យនាពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បានបន្តផ្តល់ការគាំទ្រដល់អ.វ.ត.ក. ជាពិសេសការផ្សព្វផ្សាយព័ត៌មានអំពីបណ្ណាសារនៃសំណុំរឿង និងដំណើរការជំនុំជម្រះក្តីរបស់អ.វ.ត.ក. ឲ្យបានទូលំទូលាយដល់សាធារណជន​ សិស្ស និស្សិត និងអ្នកស្រាវជ្រាវជាតិអន្តរជាតិ តាមរយៈការបង្កើតមជ្ឈមណ្ឌលធនធាននេះ ដែលជាផ្នែកស្នូលនៃការងារផ្សព្វផ្សាយនិងការលើកកម្ពស់ដល់កេរដំណែលរបស់អ.វ.ត.ក.»។ ឯកឧត្តម មានប្រសាសន៍បន្ថែមទៀតថា៖ «មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗ ចំនួន៦ ដែលរួមមាន៖ (ទី១) បណ្ណាល័យនិងកន្លែងស្រាវជ្រាវ (ទី២) គេហទំព័រថ្មីដែលកំពុងកែលម្អនិងធ្វើបច្ចុប្បន្នភាពប្រកបដោយភាពច្នៃប្រឌិត (ទី៣) និហិតដ្ឋានបណ្ណសារ (ទី៤) បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលានិងតុលាការនិម្មិត (ទី៥) បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍ និង (ទី៦) ឧទ្យានសម្រាប់ការចងចាំ»។

ក្នុងពិធីនេះដែរ​ អ.វ.ត.ក. ក៏ប្រកាសដាក់ឲ្យដំណើរការផ្សព្វផ្សាយកម្មវិធីវីដេអូខ្លីអប់រំ ជាស៊េរី ដែលខ្លឹមសារនៃវីដេអូអប់រំនេះ គឺដកស្រង់ចេញពីឯកសារ កំណត់ត្រា និងបណ្ណសារ ដែលរំលេចនូវប្រធានបទជាច្រើនទាក់ទងនឹងការជំនុំជម្រះក្តី និងការស៊ើបអង្កេតក្តីក្នុងរយៈពេល១៦ឆ្នាំ។ វីដេអូអប់រំខ្លីជាស៊េរី នឹងក្លាយជាផ្នែកសំខាន់មួយនៃសកម្មភាពអប់រំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការងាររបស់អ.វ.ត.ក. សម្រាប់យុវជនជំនាន់ក្រោយ។ វគ្គដំបូងនៃវីដេអូខ្លីអប់រំ ជាស៊េរី នេះ ត្រូវបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់អ.វ.ត.ក. រួមមានទំព័រហ្វេសប៊ុក​យូធូប តេឡេក្រាម និងបណ្តាញសង្គមតីតុក។

សូមជម្រាបថា មជ្ឈមណ្ឌលធនធាន នេះ គឺជាចំណុចស្នូលនៃកេរដំណែលរបស់ អ.វ.ត.ក. និងជាមជ្ឈមណ្ឌលសម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ និងស្វែងរកព័ត៌មាន បន្ទាប់ពីការបញ្ចប់ដំណើរការនីតិវិធីតុលាការ។ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នឹងបើកដំណើរជាសាធារណៈចាប់ពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ហើយបើកជារៀងរាល់ថ្ងៃ (ច័ន្ទដល់សុក្រ) ពីម៉ោង ១០:០០ ដល់ ២០:០០ និង នៅចុងសប្តាហ៍ និងថ្ងៃបុណ្យឈប់សម្រាកបើកពីម៉ោង១០:០០ ដល់ ១៨:០០។ ការចូលប្រើប្រាស់មជ្ឈមណ្ឌលធនធាននេះគឺមិនគិតថ្លៃនោះទេ៕

អត្ថបទ៖​ អក្ខរា