សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារពិសេសមួយជូនសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនជនរួមជាតិ ដើម្បីបញ្ជាក់ឱ្យច្បាស់ទាក់ទងនឹងការប្រមូលពន្ធ ដែលនាថ្មីៗនេះ មានការលើកឡើងច្រើននៅតាមបណ្តាញសង្គម។
សម្តេចធិបតី បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល មិនទាន់មានការសម្រេចនៅឡើយទេទាក់ទងនឹងអនុវត្តការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា ហើយចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលមក ក៏មិនមានបង្កើតពន្ធបន្ថែមណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។
ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឲ្យធ្វើការសិក្សាលំអិតជាមួយភាគីពាក់ព័ន្ធ ដើម្បីក្តាប់សំណើសំណូមពរមកកាន់រាជរដ្ឋាភិបាល ខណៈសម្ដេចគ្រោងនឹងជួបជាមួយនឹងវិស័យឯកជននៅខែវិច្ឆកាខាងមុខនេះ ដែលពេលនោះរាជរដ្ឋាភិបាលនឹងប្រកាសនូវជាកញ្ចប់លើកចិត្តផ្សេងៗ ជួយទៅដល់វិស័យឯកជន និងអាជីវករផងដែរ៕
អត្ថបទ៖ អក្ខរា