គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣ ចេញសេចក្តីសម្រេចស្តីពីការលុបសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចដល់មន្ត្រីសង្ឃជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីឆ្នាំ២០១៧ គណៈសង្ឃនាយកបានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចដល់មន្រ្តីសង្ឃជាន់ខ្ពស់ចំនួន៦អង្គក្នុងនោះទី១-ព្រះតេជគុណឃឹមសនទទួលបន្ទុករាជធានីភ្នំពេញខេត្តកណ្ដាលនិងខេត្តកំពង់ឆ្នាំង។ទី២-ព្រះតេជគុណ ឃី សុវណ្ណរតនា ទទួលបន្ទុកខេត្តសៀមរាបខេត្តកំពង់ធំខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។ ទី៣-ព្រះតេជគុណលន់ សុគន្ធា ទទួលបន្ទុកខេត្តតាកែវខេត្តកែប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុនិងខេត្តកោះកុង។ ទី៤-ព្រះតេជគុណយ៉នសេងយៀតទទួលបន្ទុកខេត្តបាត់ដំបងពោធិសាត់បន្ទាយមានជ័យនិងខេត្តប៉ៃលិន។ទី៥-ព្រះតេជគុណ សុខ ប៊ុនធឿន ទទួលបន្ទុកខេត្តកំពង់ចាមខេត្តត្បូងឃ្មុំខេត្តព្រៃវែង និងខេត្តស្វាយរៀងនិងទី៦-ព្រះតេជគុណសៅរ៍មុនីទទួលបន្ទុកខេត្តក្រចេះ ខេត្តស្ទឹងត្រែងខេត្តមណ្ឌលគិរីនិងខេត្តរតនគីរី។
ការតែងតាំងមន្ត្រីសង្ឃនេះដើម្បីសម្របសម្រួលការដោះស្រាយបញ្ហាវិវាទសង្ឃ ដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើកិច្ចការសម្រួលផ្នែករដ្ឋបាលសង្ឃ ទាំង២៥ រាជធានីនិងខេត្តទូទាំងប្រទេស។
យ៉ាងណាមិញ ក្នុងសេចក្តីសម្រេចថ្មីនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការលុបការប្រគល់ភារកិច្ចដល់មន្ត្រីសង្ឃជាន់ខ្ពស់នោះឡើយ។ សេចក្តីសម្រេចបានប្រគេន និងណែនាំដល់ព្រះប្រធានលេខាធិការនៃលេខាធិការដ្ឋានៃគណៈសង្ឃនាយកអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា ព្រះមេគុណ ប្រធានមន្ទីរ ធម្មការ និងសាសនា រាជធានីខេត្ត គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃឡាយព្រះហត្តលេខា និងចុះហត្ថលេខាតទៅ៕
អត្ថបទ៖ អក្ខរា