ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុធីបូរាឆាត និងតំណាងអយ្យការលោក ស៊ន មុនី នាព្រឹកថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ២០២៣នេះ បានលើកយកសំណុំរឿងអាស្រូវរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន មកបើកសវនាការជំនុំជំរះទោស។
លោកចៅក្រមសវនាការបានថ្លែងថា ជនជាប់ចោទ លាន អាហ្វ្រីលគីនីនត្រូវបានតុលាការចោទប្រកាន់ពីបទពីបទ «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តកាលពីថ្ងៃទី ០២ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
នៅក្នុងសវនាការ ដោយសាអវត្តមានជនជាប់ចោទ លាន អាហ្វ្រីលគីនីន តុលាការបានបង្ហាញអង្គហេតុថា៖ កាលពីថ្ងៃទី ០២ខែតុលា ឆ្នាំ២០២១ ឈ្មោះ លាន អាហ្វ្រីលគីនីន និងឈ្មោះ ព្រុំ សុភិន ជាម្ដាយបានទៅជួបពាណិជ្ជករម្នាក់ដើម្បីខ្ចីប្រាក់ចំនួន ៣៥ ០០០ ដុល្លារ ដោយព្រមព្រៀងគ្នាបង់ការប្រាក់ចំនួន ២,២ ភាគរយ ក្នុងមួយខែ រយៈពេល ១២ ខែ ហើយឈ្មោះ លាន អាហ្វ្រីលគីនីន បានចេញមូលប្បទានប័ត្រធនាគារ ព្រីនស៍ ម.ក ជាការទូទាត់សងប្រាក់ដើមវិញ ដោយកំណត់ថ្ងៃបើកប្រាក់គឺថ្ងៃទី ០២ខែតុលា ឆ្នាំ២០២២ ដោយក្នុងរយៈពេលនេះគាត់បានបង់កាប្រាក់១០ខែដែរ។
លុះដល់ថ្ងៃត្រូវសងប្រាក់គាត់មិនមានប្រាក់សងក៏សុំធ្វើកុងត្រាថ្មី ដោយគាត់ចេញមូលប្បទានប័ត្រធនាគារ វឌ្ឍនៈអាសុីចំកាត់ ( ABA) លេខ១៤០២៥៦ មានទឹកប្រាក់ចំនួន ៣៥ ០០០ ដុល្លារ ចុះថ្ងៃទី ០២ខែតុលា ឆ្នាំ២០២១ ហើយចាប់ពីពេលនោះមកទាក់ទងឈ្មោះ លាន អាហ្វ្រីលគីនីន លែងបាន។
លុះដល់ថ្ងៃ២៣មករា ឆ្នាំ២០២២ ធនាគារវឌ្ឍនៈអាសុីចាំកាប់បានចេញលិខិតបញ្ជាក់អំពីមូលប្បទានប័ត្រលេខ ១៤០២៥៦ មានទឹកប្រាក់ ៣៥ ០០០ ដុល្លារ ជាមូលបកបទានប័ត្របញ្ជូនតឡប់ (គ្មានប្រាក់)។
ដោយសាអវត្តមានជនជាប់ចោទ មេធាវីតំណាងដើមបណ្ដឹងបានសំណូមពរអោយតុលាការ សម្រេចផ្ដន្ទាទោសជនជាប់ចោទតាមច្បាប់, ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទមកអនុវត្តទោសទាមទារប្រាក់ដើមចំនួន ៣៥ ០០០ ដុល្លារ និងជំងឺចិត្ត១មុឺនដុល្លារ។ ក្រោយបញ្ចប់សវនាការ ចៅក្រមជំនុំជំរះបានកំណត់យកថ្ងៃទី ២៦ខែតុលា ឆ្នាំ២០២៣ ខាងមុខដើម្បីប្រកាសសាលក្រម៕ ប្រភព៖ កម្ពុជាថ្មី