ខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ ពង្រីកសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀនតាមបណ្តាយព្រំដែន

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណ:ប្រតិភូ ទៅចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើលើកទី៦ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអត្តពឺ នៃសាធារណររដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តអត្តពឺ នៃសាធារណររដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ ហើយភាគីទាំង២ បានកំណត់យ៉ាងច្បាស់អំពីការអនុវត្តខ្លឹមសារកំណត់ហេតុកិច្ចប្រជុំលើកទី៥ រវាងខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ ប្រទេសឡាវ នៅសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ដើម្បីជាមូលដ្ឋាន នៃ ការអនុវត្តក្របខណ្ឌទ្វេភាគី(ស្ទឹងត្រែង អត្តពឺ) បន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ ឱ្យកាន់តែប្រសើរឡើង ភាគីទាំង២បានព្រមព្រៀងប្រតិបត្តិលើកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទ ល្មើសគ្រឿងញៀននៅតាមបណ្តាយព្រំដែន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសង្គម យន្តការនៃ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងភាគីទាំង២។

បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀនតាមព្រំដែន​នៅតែជាបញ្ហាដែលកម្ពុជា និងឡាវ រួមគ្នាដោះស្រាយ។ កាលពីដើមខែសីហាកន្លងទៅ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាសឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។ កាលពីថ្ងៃទី​៧​កក្កដាកន្លងទៅដែរ អាជ្ញាធរពាក់ព័ន្ធបានអះអាងដូចគ្នាថា​ គ្រឿងញៀនជាង​១០០​គីឡូ​ត្រូវបានដឹកចូលប្រទេសកម្ពុជា​នៅពេលយប់​ដោយក្រុមឧក្រិដ្ឋជន​បានប្រើប្រាស់ស្លាកលេខរថយន្តរបស់ប្រទេសឡាវ​ដឹកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចូលមកកណ្ដាលក្រុងភ្នំពេញ៕

អត្ថបទ៖ អក្ខរា