ឯកឧត្តម សេដ្ឋា ថាវីស៊ីន (SRETTHA THAVISIN) នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ បន្ទាប់មកឯកឧត្តមនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរ និងក្រុមងាយរងគ្រោះដទៃទៀត មានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងដំណើទស្សនកិច្ចនោះឯកឧត្តម សេដ្ឋា ថាវីស៊ីន គ្រោងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា, អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃនៅវិមានព្រឹទ្ធសភា, អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា។
គួររំលឹកបន្តិចថា ជារឿងគាប់ជួន ដែលកម្ពុជា និងថៃ មាននាយករដ្ឋមន្ត្រីថ្មី ក្នុងថ្ងៃតែមួយ។ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ស្របពេលជាមួយនេះ នៅរសៀលថ្ងៃដដែល សភាថៃបានបោះឆ្នោតជ្រើសរើសឯកឧត្តម សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃផងដែរ។
នៅពេលល្ងាចសម្តេចធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទ អបអរសាទរគ្នាទៅវិញទៅមក ជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តី ហើយភាគីទាំងពីរនាក់បានប្តេជ្ញាចិត្ត នឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត៕
អត្ថបទ៖ អក្ខរា