ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធករណីនៃការសាងសង់សំណង់ប្រាសាទ នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ។ ករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។
តាមរយៈសេចក្តីជូនដំណឹងក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថាសំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។
ក្រសួងវប្បធម៌ បានបន្ថែមថា ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យ និងចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើងភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។
ចំពោះករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈសេចក្តីជូនដំណឹងបានអះអាងថា កិច្ចការនេះក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។
ករណីសំណង់ប្រាសាទដែលសង្ស័យថាប្រទេសថៃសាងសង់ចម្លងតាមរចនាប័ទ្មអង្គរវត្តខ្មែរ ធ្លាប់ផ្ទុះម្តងកាលពីឆ្នាំ២០២១។ កាលណោះ ថៃ បានអះអាងថា សំណង់ប្រាសាទ ដែលកំពុងសាងសង់នៅក្នុងខេត្តបុរីរម្យនោះ មិនបានលួចចម្លងតាមរចនាប័ទ្មអង្គរវត្តឡើយ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលការបកស្រាយរបស់ភាគីថៃ តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាននេះ។
ក្រសួងវប្បធម៌ បានបញ្ជាក់ថា សំណងប្រាសាទដែលកម្ពុជាសង្ស័យថៃលួចចម្លងរចនាប័ទ្មប្រាសាទអង្គរវត្តនោះ ជាសំណង់ប្រាសាទមួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃទៀត មានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា។ សំណង់ប្រាសាទដែលថៃកំពុងសាងសង់នោះ ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ។
ក្រសួងអះអាងថាតាមរយៈការបំភ្លឺ និងបង្ហាញឯកសារប្លង់សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្តឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ៕
អត្ថបទ៖ អក្ខរា