ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។
ឯកឧត្តមរដ្ឋមន្ត្រី បានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារពិភពលោកក្នុងការកសាង និងការអភិវឌ្ឍធនធានទឹករយៈពេលវែងនៅកម្ពុជា។ តំណាងភាគីកម្ពុជា ឯកឧត្តមបានស្នើដល់ធនាគារពិភពលោកជួយគាំទ្រគម្រោងមួយចំនួន ដូចជា៖ ១. ជួយពង្រឹងគោលនយោបាយជាតិ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ២.ជួយស្តារ និងរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ និងការកែលម្អការគ្រប់គ្រងធនធានទឹកជាចម្បងលើដៃទន្លេ។ ៣.ជួយគាំទ្រលើការបង្កើតផែនការគ្រប់គ្រងអាងទន្លេសម្រាប់អាងទន្លេសាប និងទន្លេមេគង្គ Detla ជាកម្មវិធីវិនិយោគយុទ្ធសាស្ត្រនៅតំបន់អាងទន្លេសាប និងដីសណ្ដទន្លេមេគង្គ ដើម្បីធានាធនធានទឹក កែលម្អការកាត់បន្ថយទឹកជំនន់ និងស្ដារទន្លេដែលងាយរងគ្រោះ។
សូមជម្រាបថា ក្នុងពេលបច្ចុប្បន្ន ដោយមានការគាំទ្រ និងក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងកំពុងរៀបចំ គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ផងដែរ៕