តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣។
តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណំក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។
នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាពដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្ដីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំង ពីរនឹងធ្វើការប្រគល់ទទួលនូវ “មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្សនិងកុមជនងាយរងគ្រោះដទៃទៀត” ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕