ប្រទេសជប៉ុន នឹងបន្តផ្តល់ជំនួយដល់កម្ពុជា រួមទាំងជម្រុញការវិនិយោគ និងទេសចរណ៍ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុន ឯកឧត្តម Ueno Atsushi ដែលបានថ្លែងនៅថ្ងៃទី២៦ ខែកញ្ញានេះ នៅចំពោះមុខអ្នកសារព័ត៌មានជិត ១០០នាក់ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅសណ្ឋាគារសាន់ & មូនរីវើសាយ។
ឯកឧត្តមក៏បានសន្យាថា នឹងជួយសម្រួលផ្តល់ Visa ដល់អ្នកសារព័ត៌មានកម្ពុជាដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានបង្ហាញអំពីគោលនយោបាយនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។
សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀតអំពីតួនាទីរបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍនៅកម្ពុជាដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕
អត្ថបទ៖ អក្ខរា