ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រមានចាត់វិធានការអ្នកដែលយកព្រះពុទ្ធសាសនា ទៅធ្វើអាជីវកម្មតាមគ្រប់រូបភាព ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន។
ការព្រមាននេះ បន្ទាប់ពីក្រសួងពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន។
តាមរយៈសារាចរ ក្រសួងធម្មការ និងសាសនា បានណែនាំដូចតទៅ៖ ១-ហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុ ដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។ ២-ហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មតាមគ្រប់រូបភាពរួមមាន៖ បង្រៀនធម៌ ផ្សព្វផ្សាយ ប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ ដែលជាសកម្មភាពមានលក្ខណៈបោកប្រាស់។ ៣-ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន ដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។ ៤-ហាមយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ហាមយកព្រះពុទ្ធរូបឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយ ពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)។
ក្រសួងធម្មការណែនាំដល់ មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ សហការអនុវត្តតាមសារាចរណែនេះ ឱ្យមានប្រសិទ្ធភាព និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕
អត្ថបទ៖ អក្ខរា