ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅកែវផុស ខេត្តព្រះសីហនុ។
ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់ ឡុតដំខ្លួនឱ្យមានភាពអត់ធ្មត់ និងជឿជាក់ថាសង្គមមិនមានការរើសអើងដល់អ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ និងផ្តាំផ្ញើរឱ្យបំភ្លេចរឿងចាស់ចោល ខិតខំកសាងអនាគតឱ្យក្លាយជាទំពាំងស្នងឬស្សី ក្លាយទៅជាមនុស្សល្អជាធនធានរបស់ប្រទេសជាតិ។
គួរឱ្យដឹងថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អាចទទួលជនរងគ្រោះបានសរុបចំនួន ២ ០០០នាក់។ មជ្ឈមណ្ឌលនេះ មានភារកិច្ច ទទួលយកអ្នកញៀនគ្រឿងញៀនគ្រប់ប្រភេទដោយស្ម័គ្រចិត្ត ឬក្រុមគ្រួសារ អាជ្ញាធរមាន សមត្ថកិច្ច អង្គការបញ្ជូនមក និងអ្នកដែលត្រូវបានបង្គាប់ឱ្យចូលខ្លួនព្យាបាលដោយស្ថាប័ន អយ្យការ ឬស្ថាប័នតុលាការ៕