សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពិភពលោកថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះឡើយ

ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការបន្តដើរលើមាគ៌ានយោបាយឯករាជ្យ អព្យាក្រឹត្យ ផ្អែកលើវិធានការច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬក៏ការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ ហើយកម្ពុជាមិនអនុញ្ញាតឱ្យមាន មូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក៏មិនអនុញ្ញាតឱ្យប្រទេសណា ឬក្រុមណាមួយប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀតនោះដែរ។

សូមជម្រាបថា សម្តេចធិបតី នាយករដ្ឋមន្រ្តី​ បានទៅបំពេញបេសកកម្មចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចត្រូវបានទទួលការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីកម្ពុជានៅញ៉ូយក រួមទាំងប្រជាពលរដ្ឋខ្មែរជាច្រើន នៅសហរដ្ឋអាមេរិក និងកាណាដា។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ពីលើវេទិកាអន្តរជាតិ ដែលសម្តេចឡើងថ្លែងនៅថ្ងៃទី២២កញ្ញា សារនយោបាយសំខាន់ៗចំនួន ៣ ដើម្បីបញ្ជូនទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោក៖ គឺ១.ឲ្យពិភពលោកយល់កាន់តែច្បាស់នូវជំហឯករាជ្យ អព្យក្រឹតរបស់កម្ពុជា នោះគឺការតម្កល់​ផលប្រយោជជាតិជាធំ, ២. ពង្រឹងមិត្តភាពមានស្រាប់ និងពង្រីកមិត្តភាពបន្ថែម, ៣. សារសំខាន់បំផុត គឺកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនឡើយ ដែលចំណុចនេះមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីប្រតិភូអមបានលើកឡើងទៀតថា ចាប់ពីពេលនេះតទៅ គួរឈប់និយាយពីបញ្ហាមូលដ្ឋានយោធាបរទេសនៅកម្ពុជាតទៅទៀត ពីព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់ពិភពលោករួចហើយថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួននោះឡើយ៕

អត្ថបទ៖ អក្ខរា