សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ខ្លឹមសារនៃជំនួបរដែលផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញានេះ បានឲ្យដឹងថា សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Pfizer ស្ដីពី កិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ (The Accord for a Healthier World) ដែលមានគោលបំណងផ្តល់ឱ្យបានពេញលេញនូវឱសថ និងវ៉ាក់សាំង ដែលក្រុមហ៊ុនទទួលបានសិទ្ធិជាសកលដោយផ្អែកលើគោលការណ៍មូលដ្ឋានមិនស្វែងរកប្រាក់ចំណេញ ទៅឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នៅលើសកលលោក។
សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា អ្វីដែលក្រុមហ៊ុនចង់បំពេញការងារបន្ថែមនៅកម្ពុជា មានភាពឆ្លើយតបច្រើនទៅនឹងវិធានការគន្លឹះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញឱ្យអនុវត្តន៍កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ជាពិសេស ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពនៃការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា នៅក្នុងទិសដៅនៃការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម ការយកចិត្តទុកដាក់ដ៏សំខាន់មួយគឺ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារពេទ្យ និងការបំពាក់ឧបករណ៍ពេទ្យ នៅតាមបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ផងដែរ លើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យឯកជន ដើម្បីឱ្យប្រជាជនទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងបន្តជំរុញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលរបស់កម្ពុជា៕