ក្នុងជំនួបជាមួយលោកជំទាវ ផេននី វ័ង (Penny Wong) រដ្ឋមន្រ្តីការបរទេសអូស្រា្តលី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីជំហរដ៏គត់មត់របស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា រួមមានជាអាទិ៍៖ ការបន្តកែទម្រង់អភិបាលកិច្ច និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ការអនុញ្ញាតឱ្យមានអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ដំណើរការ និងការអនុញ្ញាតបន្តសុពលភាពអាណត្តិអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិនៅកម្ពុជា ខណៈដែលប្រទេសជាច្រើនក្នុងតំបន់មិនអនុញ្ញាតក៏ដោយ។
បន្ទាប់ពីបានស្តាប់នូវជំហរ និងទស្សនវិស័យវែងឆ្ងាយទាំងនេះរបស់ សម្ដេចធិបតី លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ជូន សម្ដេចធិបតី អំពីជំហររបស់អូស្ត្រាលី ក្នុងការបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងឱ្យបាននូវឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជម្នះនូវរាល់ឧបសគ្គ និងភាពខុសគ្នានៃទស្សនៈ ដើម្បីគាំទ្រឱ្យគ្នាទៅវិញទៅមកលើគ្រប់ទិដ្ឋភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកជំទាវ បានស្វាគមន៍ចំពោះគោលជំហររបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអូស្ត្រាលី ក្នុងវិស័យសក្ដានុពល ទាំងក្រោមយន្តការទ្វេភាគី និងពហុភាគី និងបានលើកឡើងអំពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី ក៏ដូចជាគំនិតផ្តួចផ្តើមជាច្រើនទៀត ដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស នៅលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជារួម ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ ជាពិសេស តាមរយៈទំនាក់ទំនងល្អប្រសើររវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងធុរកិច្ច និងធុរកិច្ច៕