ប្រធានាធិបតីចិន យាងព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩

នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងចូលរួមជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការប្រកាសបើកកីឡាអាសុីលើកទី១៩ ដែលប្រារព្ធធ្វើនៅទីក្រុង Hangzhou នៃខេត្ត Zhejiang ប្រទេសចិន តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។

ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ ដែលលើកពេលពីឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតកូវីដ១៩ កំពុងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅរាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន ដោយមានប្រតិភូ និងអត្តពលិក ៤៥ប្រទេសចូលរួម ។

ពិធីបើកការប្រកួតនេះ គេឃើញមានវត្តមានប្រតិភូ និងអត្តពលិកកម្ពុជា ក៏បានចូលរួមដង្ហែក្បួន ដើម្បីអបអរសាទរពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះដែរ រួមមាននាយបេសកកម្ម ១រូប ដឹកនាំដោយលោក ញាណ សុខវិសាល, នាយបេសកកម្មរង ១រូប, មន្ដ្រីរដ្ឋបាល មន្ដ្រីព័ត៌មាន និងមន្ដ្រីពេទ្យ ២០នាក់, កីឡាករបាល់បោះ ៦នាក់, កីឡាបាល់ទះ ១៥នាក់, កីឡាគុនដាវ ៣នាក់ និងកីឡាយូដូម្នាក់ សរុបទាំងអស់ចំនួន ៤៧នាក់ ។
ដោយឡែកមានអត្តពលិកឆ្នើម ២រូប ត្រូវបានជ្រើសឲ្យកាន់ទង់ជាតិកម្ពុជា នាំមុខក្បួនដង្ហែប្រតិភូកីឡាកម្ពុជា រួមមានកីឡាករ ទេព ឆរ៉ាត ម្ចាស់មេដាយមាសកីឡាបាល់បោះស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាការិនីឆ្នើមផ្នែកកីឡាគុនដាវ គឺកីឡាការិនី ហៃ ស្រីស្រស់ ។

គួរដឹងថា បេសកកម្មខាងលើ ប្រតិភូកីឡាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ឧទេសរដ្ឋមន្រ្តី ប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ហើយមន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជា ក៏មានវត្តមានក្នុងពិធីបើកនៅកន្លែងភ្ញៀវ VIP ផងដែរ៕