ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រកាសបិទលំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ក្នុងក្របខណ្ឌអាស៊ាន-បូក

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ។

នាយឧត្ដមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា«ការរៀបចំលំហាត់ហ្វឹកហ្វឺននេះ បានរួមចំណែកលើកកម្ពស់សមត្ថភាពការអនុវត្តជាក់ស្ដែងការផ្លាស់ប្ដូរបទពិសោធន៍ ការប្រើប្រាស់សម្ភារៈបច្ចេកទេសដោះមីនទំនើប កិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពរវាងរដ្ឋសមាជិកអាស៊ាន និងប្រទេសបូក ក្នុងការដោះស្រាយសំណល់សង្គ្រាមនៅក្នុងតំបន់»។

ឯកឧត្តមបានបន្តថា លំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» រយៈពេល១០ថ្ងៃនេះ ត្រូវបានឈានដល់ការបិទបញ្ចប់ដោយរលូនជាស្ថាពរនិងប្រកបដោយផ្លែផ្កា។ 

ឯកឧត្តមបន្ថែមថា លំហាត់ហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសដៃគូ សំដៅដោះស្រាយនូវរាល់បញ្ហាមីន កាកសំណល់សង្គ្រាម និងបច្ច័យអវិជ្ជមាននានា ដើម្បីផ្តល់សុវត្ថិភាព សុខុមាលភាព និងចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ដោយយក «ប្រជាជនជាស្នូល»៕