កម្ពុជា យកគំរូប្រធានបទទីក្រុងនៅក្នុងធម្មជាតិរបស់សិង្ហបុរី មកពង្រឹងនិងអនុវត្ត

ស្របទៅតាមស្ថានភាព សក្តានុពលធនធានធម្មជាតិនៅក្នុងប្រទេសនិងប្តេជ្ញាខ្ពល់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានបទពីរដែលយើងគួរយកមកពង្រឹងនិងអនុវត្តរួមមាន ទី១)ការដោះស្រាយផ្អែកតាមធម្មជាតិ (Nature-based Solutions (NbS)) ក្នុងការរៀបចំផែនការ ដែលធានាតុល្យភាព រវាងមនុស្ស និងបរិស្ថាន ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងទី២)ទីក្រុងនៅក្នុងធម្មជាតិ (A City in a Garden) គឺជាដំណើរប្រែក្លាយសិង្ហបុរីជាប្រទេសគំរូជីវៈចម្រុះ (Biodiversity model) ដែលជាគម្រោងធ្វើឱ្យទីសាធារណៈ ដងផ្លូវ សួនច្បារ និងអគារ លម្អដោយដើមឈើនិងរុក្ខជាតិចម្រុះ។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។

ក្រសួងបរិស្ថនបានបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញានេះថា ក្រោមក្របខណ្ឌនៃកម្មវិធី Singapore Cooperation Program Training Award (SCPTA) នៃក្រសួងការបរទេសរបស់ប្រទេសសិង្ហបុរី និងសម្របសម្រួលរៀបចំការបណ្ដុះបណ្ដាលដោយសាកលវិទ្យាល័យ Nanyang Technology University (NTU) កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តី៣រូប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ត្រូវបានជ្រើសរើសចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “Managing Coastal Biodiversity Under Urbanization Pressures” នៅប្រទេសិង្ហបុរី ដែលមានសិក្ខាកាមមកពី១៣ប្រទេស ចូលរួមសរុបចំនួន២០នាក់។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកនូវវិធីសាស្រ្ត និងបទពិសោធន៍របស់ប្រទេសសិង្ហបុរី ក្នុងការការពារ និងគ្រប់គ្រងធនធានជីវៈចម្រុះតំបន់ឆ្នេរនិងសមុទ្រ និរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិក្នុងបរិបទសម្ពាធនគរូបនីយកម្ម៕