ស្ថានភាពទឹកទន្លេទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក ទៅ៣ថ្ងៃខាងមុខទៀត ទឹកទន្លេក៏នៅតែបន្តស្រកចុះ។
ថ្វីត្បិតទឹកទន្លេមិនទាន់ប្រែប្រួលគួរឲ្យព្រួយបារម្ភ, តែក្រឡេកមកមើលស្ថានភាពទឹកតាមបណ្តាស្ទឹងវិញ គឺស្ទឹងសែន ក្នុងខេត្តកំពងធំ ទឹកដែលបានហក់ឡើងដល់កម្រិតប្រុងប្រយ័ត្នតាំងពីថ្ងៃសៅរ៍សប្តាហ៍មុន មកដល់ពេនេះនៅតែបន្តកើនឡើងឱ្យមានការប្រុងប្រយ័ត្ន។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងស្រុកស្ទោង ដែលបានជន់លិចតំបន់ទំនាប នៅសងខាងស្ទឹង សាលារៀន និងផ្លូវជនបទមួយចំនួនជាបន្តបន្ទាប់ ដែលធ្លាប់ត្រូវបានទឹកជំនន់ ជន់លិចកាលពីមុន។
ទោះជាយ៉ាងណា រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងរួចហើយ ស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៣នេះ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមតំបន់ ដែលងាយរងគ្រោះពីទឹកជំនន់ មានការប្រុងប្រយ័ត្ន។ ពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗ កុំឱ្យចុះលេងទឹក, ត្រូវរៀបចំសម្ភារៈឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ណាមួយកើតឡើង៕
អត្ថបទ៖ អក្ខរា