លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវការគូសបញ្ជាក់ពីប្រជាប្រិយភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅស្រុក។
បើតាមលោក ប៉ែន បូណា បានបង្ហាញនូវហេតុផលចំនួន ២ គឺ ទី១៖ នៅក្នុងប្រទេស៖ មានពលរដ្ឋអ្នកបោះឆ្នោតជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ នេះជាអត្រានៃការគាំទ្រខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។ ទី២៖ នៅឯក្រៅប្រទេស៖ មានពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែក គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង វត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅទីក្រុងញូវយ៉កពេលនេះ មានពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា យ៉ាងច្រើនកុះករចេញមកស្វាគមន៍។
លោកគូសបញ្ជាក់ថា ទាំងនេះគឺជាទឡ្ហីករណ៍ច្បាស់លាស់និងជាក់ស្តែងបំផុតដែលបញ្ជាក់ពីការគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន៕