ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកភាពជាមួយសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងជំនួបជាមួយសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) នៅរសៀលព្រហស្បតិ៍ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
គិតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦រោងចក្រ នៅទូទាំងប្រទេស ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់។ រាជធានីភ្នំពេញ បានទាក់ទាញការវិនិយោគច្រើនជាងគេ គឺមានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់។
តំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ខណៈរាជរដ្ឋាភិបាលក៏បានដាក់យុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តនានាផងដែរ៕
អត្ថបទ៖ អក្ខរា