សម្ដេចបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើ និងបន្តដាំដើមឈើ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទ ដើម្បីកម្ពុជាក្លាយជាប្រទេសមួយ ពោរពេញទៅដោយបរិស្ថានល្អ។

ការអំពាវដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងក្នុងពិធីដាំដើមឈើ ដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី ២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ទុកការចូលរួមក្នុងពិធីខាងលើ គឺបង្ហាញអំពីសេចក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាចំពោះការអភិរក្សបរិស្ថានឱ្យបានគង់វង្ស និងដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។

ឆ្លៀតឱកាសនោះ សម្តេចបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទ នៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀត ឱ្យបានកាន់តែច្រើនផងដែរ។

ដោយសម្ដេចបន្តដូច្នេះថា៖« សូមឱ្យពលរដ្ឋដាំតាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយ ជាប្រទេសមួយ ពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្ម ចម្រុះតាមធម្មជាតិវិញ ដើម្បីលើកស្ទួយជីវភាព កាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ ហើយសង្គមជាតិប្រកបដោយសុខុមាលភាព»។

ជាមួយគ្នានោះដែរ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនឈើ គឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការស្តារព្រៃឈើ ដើម្បីឈានទៅសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដូចកំណត់ក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ បានដាក់ចេញ«យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះលក្ខណៈសម្បត្តិ មួយ ដែលកម្ពុជាត្រូវមាន ក្នុងចំណោមលក្ខណៈសម្បត្តិទាំង៥ គឺក្នុងរយៈពេឡ២៥ឆ្នាំទៅមុខនោះ កម្ពុជា ជាប្រទេសមានបរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខុមាលភាព ភាពធន់ បរិយាប័ន្ន និងតុល្យភាពនៃការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ។

លើសពីនេះ ក្រសួងបរិស្ថាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញ និងសម្រេចឲ្យបាននូវលក្ខណៈសម្បត្តិខាងលើសម្រាប់កម្ពុជា តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី ប្រកបដោយចីរភាព ការបំពាក់បច្ចេកវិទ្យាទាន់សម័យ ក្នុងវិស័យបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិ ដោយគិតគូរដល់តុល្យភាពបរិស្ថាន ឈានទៅស្តារគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០៕

អត្ថបទ៖ ពិសី