ថ្លែងក្នុងឱកាសព្រឹត្តិការណ៍អបអរសាទរ ការចុះរមណីយដ្ឋានដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧទ្ទិសសមិទ្ធផលនេះ ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់ ។
ព្រឹត្តិការណ៍ដ៏នក្តន្តឬក្សនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឥសរ្សជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្ស និស្សិត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ៩,០០០នាក់។
សូមជម្រាបថា ស្ថិតក្រោមម្លប់នៃសន្តិភាព ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣ បានក្លាយជាទំព័រប្រវត្តិសាស្រ្ត ដ៏សំខាន់ថ្មីមួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆ័ន្ទចុះរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅក្នុងសម័យប្រជុំលើកទី៤៥របស់ខ្លួន នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានមានប្រសាសន៍ថា៖ “យើងខ្ញុំទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយសូមឧទ្ទិសនូវសមិទ្ធិផលនេះ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរគ្រប់ជំនាន់ ជាពិសេស ព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៤ ដែលបានបន្សល់ទុកនូវមរតកដ៏កំពូលនិងថ្លៃថ្លានេះជាមោទកភាព និងជាប្រយោជន៍សម្រាប់កូនខ្មែរគ្រប់ៗរូបជាយូរអង្វែងរៀងទៅ។ ទូលព្រះបង្គំយើងខ្ញុំ ក៏សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះវិញ្ញណខន្ធ័ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះមហាវីរៈក្សត្រ និងអំណរព្រះគុណដ៏ជ្រាលជ្រៅថ្លៃថ្លាវិសេសថ្វាយ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងហ្លួងម៉ែ ដែលព្រះអង្គទាំងទ្វេទ្រង់តែងប្រោសប្រទាននូវការគាំទ្រយ៉ាងពេញទំហឹងជានិច្ច ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងមាតុភូមិនៃយើង”។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចអគ្គមហាសេនាបតី តេជោនៃកម្ពុជា និង សម្តេចមហាបវរធិបតី ដែលរមែងគាំទ្រនិងផ្តល់អនុសាសន៍ដ៏មានតម្លៃជាប់ជាប្រចាំក្នុងការបំពេញបេសកកម្មលើវិស័យវប្បធម៌ជូនជាតិមាតុភូមិ ហើយថ្មីៗនេះទៀតសោត គំនិតផ្តួចផ្តើមនិងសកម្មភាពមួយនៃការបង្កើតមូលនិធិដើម្បីទ្រទ្រង់ អភិរក្ស និងអភិវឌ្ឍលើវិស័យវប្បធម៌ ក៏ទទួលបាននូវការយកចិត្តទុកដាក់យ៉ាងពេញទំហឹងពីសំណាក់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដែលពេលនោះសម្តេចនៅជាមេបញ្ជាការនៃកងទ័ពជើងគោកកម្ពុជានៅឡើយ។
“ប្រជាជនកម្ពុជាគ្រប់រូប កត់ត្រាក្នុងចិត្តជានិរន្តរ៍នូវសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចទាំងទ្វេ ដែលជានិច្ចជាកាលរមែងយកចិត្តទុកដាក់ទំនុកបម្រុងថែរក្សា លើកតម្កើងវប្បធម៌ អារ្យធម៌ និងអត្តសញ្ញាណជាតិ ដែលជាតម្លៃអមតៈសម្រាប់ជាម្លប់ និង មង្គលរបស់ប្រជាជាតិ និងប្រជាជនយើង”។ នេះជាការថ្លែងបន្ថែមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៕