អគ្គនាយកដ្ឋានពន្ធនាគារ បានបង្ហាញការព្រួយបារម្ភពីកំណើនជនជាប់ឃុំនាពេលបច្ចុប្បន្ន ដែលគិតមកដល់ពេលនេះមានចំនួន ៤១,៣១៨នាក់។
ឯកឧត្តម ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំទៅដល់អគ្គនាយករង ទទួលបន្ទុកពន្ធនាគាររាជធានី-ខេត្ត និងប្រធានមណ្ឌលពន្ធនាគារទាំងអស់ ត្រូវណែនាំមន្ដ្រីក្រោមឱវាទ ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគ្រប់គ្រងជនជាប់ឃុំ។
ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ អគ្គនាយរង នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុប ១១៣រូប។
ឯកឧត្តម ឈន សាណាត បានលើកឡើងថា ផ្អែកតាមស្មារតី នៃកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ នាពេលកន្លងទៅនេះ តាមការសង្កេតរបស់ ឯកឧត្តម អគ្គនាយក បានមើលឃើញថា លទ្ធផលតាមមណ្ឌលពន្ធនាគាររាជធានី-ខេត្ត ដែលបានអនុវត្ត គឺអាចទទួលយកបាន ហើយមានលទ្ធផលល្អប្រសើរ ពិសេសទៀតនោះ គ្រប់បណ្ដាអង្គភាពពាក់ព័ន្ធទាំងអស់ ក៏មានការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។
គួរបញ្ជាក់ថា តាំងពីរដ្ឋាភិបាលកម្ពុជាបង្កើតយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបោសសម្អាត និងបង្រ្កាបបញ្ហាគ្រឿងញៀននៅទូទាំងប្រទេសមកបញ្ហាកំណើនអ្នកទោសនៅក្នុងពន្ធនាគារត្រូវបានលើកឡើងជាបន្តបន្ទាប់។ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ចំនួនជនជាប់ឃុំសរុប ៣៧.៨៤០នាក់ ក្នុងនោះមាន ជនបរទេស ១.៧៧១នាក់, អនីតិជន ១.៦៤៥នាក់, ស្ត្រីមានផ្ទៃពោះ ២៦នាក់, កូនតាមម្ដាយ ១០៩នាក់ ពិការ ៤៤២នាក់។
របាយការណ៍ដដែលបន្ដថា បទល្មើសភាគច្រើន គឺគ្រឿងញៀនស្មើនឹង ៥២,៨២%, បទល្មើសលួចមានស្ថានទម្ងន់ទោស ១០,១៥%, បទល្មើសលួច ៨,២៧%, រំលោភសេពសន្ថវៈ ៦,១៧%, បទល្មើសឃាតកម្ម ៥,៧៥% និងបទល្មើសផ្សេងៗទៀតមាន ១៦,៨៦%៕
អត្ថបទ៖ អក្ខរា