ក្រុមហ៊ុនជប៉ុនមួយ ជួយបំពាក់ឧបករណ៍បំភ្លឺផ្លូវប្រភេទ Pikalotto លើផ្លូវជាតិចំនួន៤ខ្សែ នៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកដល់ពេលនេះ មានផ្លូវជាតិចំនួន៤ខ្សែហើយ ដែលត្រូវបានបំពាក់ឧបករណ៍បំភ្លឺផ្លូវ Pikalotto ដើម្បីដាស់ស្មារតីអ្នកបើកបរនៅពេលយប់។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ផ្លូវជាតិចំនួន៤ខ្សែដែលត្រូវបានបំពាក់ឧបករណ៍បំភ្លឺផ្លូវប្រភេទ Pikalotto នោះ គឺរួមមាន៖ តាមបណ្តោយផ្លូវជាតិលេខ២, ៥, ៦ និងលេខ៦១។

ក្រសួងបានឱ្យដឹងបន្តថា ឧបករណ៍បំភ្លឺផ្លូវ Pikalotto នេះ គឺសម្រាប់បំពាក់ទៅលើទ្រូងផ្លូវថ្នល់ឬស្ពាន ត្រង់កន្លែងដែលងាយបង្កគ្រោះថ្នាក់ ដូចជា កន្លែងផ្លូវកោងជាដើម ដើម្បីដាស់ស្មារតីអ្នកបើកបរនៅពេលយប់ ឱ្យមើលឃើញពីស្ថានភាពផ្លូវបានច្បាស់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ក្រសួងបញ្ជាក់ឱ្យដឹងទៀតថា ឧបករណ៍បំភ្លឺផ្លូវខាងលើ គឺទទួលបានពីក្រុមហ៊ុនមានចំនួន ៣ ១០០គ្រាប់ ដែល ២ ៦៦៩គ្រាប់ ត្រូវបានដំឡើងរួចរាល់ក្នុង ៧៥ទីតាំង តាមបណ្តោយផ្លូវជាតិលេខ២, ៥, ៦ និងលេខ៦១។ ដោយឡែកឧបករណ៍ដែលនៅសល់ និងឧបករណ៍ខួងដំឡើង២គ្រឿង បានយកមកប្រគល់ជូនក្រសួង ដើម្បីទុកប្រើប្រាស់ក្នុងពេលបន្ទាប់។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឧបករណ៍បំភ្លឺផ្លូវ Pikalotto និងឧបករណ៍សម្រាប់ខួងដំឡើងនេះដែរ ត្រូវបានរៀបចំពិធីប្រគល់ទទួល ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Fuji Construction Works Co., Ltd. ដោយមានការចូលរួមពី លោក Sanui Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា៕ អត្ថបទ៖​ពិសី