សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូនរាជរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុក ក្នុងករណីគ្រោះរញ្ជួយដីដ៏កម្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសាររំលែកទុក្ខជូន រាជរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុកក្នុងករណីគ្រោះរញ្ជួយដីដ៏កម្រ។

ក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាភាសាបារាំង ផ្ញើជូនលោក អាហ្សីស អាខាន់ណុច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក បានលើកឡើងថា៖ “ក្នុងនាមប្រជាជនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះឯកឧត្តម។ ប្រជាជនកម្ពុជាបង្ហាញនូវសាមគ្គីភាពទាំងស្រុងរបស់ពួកគេនៅក្នុងគ្រានៃទុក្ខព្រួយ និងការឈឺចាប់ដែលមិនអាចនិយាយបាន”។

សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨ទៅ ៦.៩រ៉ិចទ័រ កាលពីថ្ងៃសុក្រទី ៨​ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសម៉ារ៉ុក បានកើនឡើងជិត ៣ពាន់នាក់ និងរបួសជាង ២ពាន់នាក់។ នេះជាគ្រោះមហន្តរាយរញ្ជួយដីដែលសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាង៦០ឆ្នាំ បន្ទាប់ពីវាបានវាយប្រហារតំបន់ភ្នំ ភាគខាងត្បូងទីក្រុង Marrakesh។

មកទល់ពេលនេះ មានប្រទេសជាច្រើនប្រកាសផ្តល់ជំនួយរួមមាន ចក្រភពអង់គ្លេស អេស្ប៉ាញ កាតា បារាំង សហរដ្ឋអាមេរិក និងតួកគីជាដើម៕

អត្ថបទ៖ អក្ខរា