នាយករដ្ឋមន្ត្រីកម្ពុជា និងលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ស្វែងរកលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងប្រទេសកម្ពុជា ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏ស្នើឱ្យពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការ​យោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្ម វៃឆ្លាត (smart agriculture)។

ការស្នើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ២០២៣។

ឯកឧត្តមលេខាធិការបក្ស បានជម្រាបសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្តមនឹងចាប់ផ្តើមពិភាក្សាការងារ ជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា។

សូមជម្រាបថា គិតមកត្រឹមពេលនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាល
ធនធានមនុស្ស៕

អត្ថបទ៖ អក្ខរា