កម្លាំងនគរបាល សុំឲ្យម្ចាស់ទីតាំងអាជីវកម្មសហការទប់ស្កាត់ និងរាយការណ៍ពីការជួបជុំរបស់ក្រុមក្មេងៗគេចសាលា។ នេះជាការស្នើពីសំណាក់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ក្នុងខេត្តព្រៃវែង បានបន្តចុះល្បាតចល័តការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមភូមិសាស្ត្រសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសួរនាំប្រជាពលរដ្ឋ ដល់ខ្នងផ្ទះ និងអាជីវករ លក់ដូរក្នុងផ្សារ អំពីសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការបម្រើសេវាសាធារណៈរបស់មន្ត្រីនគរបាល ក្នុងមូលដ្ឋានរបស់ពួកគាត់ ថែមទាំងធ្វើការអប់រំណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងជម្រាបជូននូវលេខទំនាក់ទំនងនគរបាល ដើម្បីចុះអន្តរាគមន៍ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង។
លើសពីនេះទៀត កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានចុះណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មជ្រកក្រោមផ្លាកកីឡា ហាងកាហ្វេ កន្លែងលក់ដូរ និងអាជីវកម្មផ្សេងៗ ដែលអាចជាកន្លែងសម្រាប់ឱ្យក្មេងៗគេចសាលាមិនចូលរៀនទៅពពាក់ពពូនជួបជុំគ្នា សូមឱ្យចូលរួមសហការអនុវត្តទប់ស្កាត់ មិនឱ្យមានក្មេងៗគេចសាលាមិនចូលរៀនហើយមកជួបជុំនៅកន្លែងទីតាំងរបស់ពួកគាត់ឡើយ។ បើមានសូមជួយសហការរាយការណ៍មកកាន់នគរបាលចុះអន្តរាគមន៍ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ការប្រព្រឹត្តអំពើមិនគប្បី ឬអាចបង្កើតជាក្រុមបងតូច បងធំ រហូតឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលសង្គមស្អប់ខ្ពើម។
គួរកត់សម្គាល់ថា កាលពីពេលថ្មីនេះ កម្លាំងសមត្ថកិច្ចសហការជាមួយគណៈគ្រប់គ្រងសាលានៅតាមរាជធានី-ខេត្តមួយចំនួន បានចុះប្រតិបត្តិការប្រមូលសិស្សដែលគេចសាលា ហើយនាំគ្នាទៅប្រព្រឹត្តអំពើឥតប្រយោជន៍ផ្សេងៗដូចជាលេងហ្គេម ឬជក់បារីមកធ្វើការអប់រំ ដើម្បីឲ្យពួកគេត្រឡប់ទៅចូលរៀនវិញ៕
អត្ថបទ៖ អក្ខរា