នគរបាលកម្ពុជា និងចិន សហការបង្រ្កាបក្រុមឧក្រិដ្ឋជនដែលរត់គេចខ្លួន

នគរបាលជាតិ និងនគរបាលអមស្ថានទូតចិន បានឯកភាពគ្នាបន្តផ្លាស់ប្តូរព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានមូលដ្ឋានច្បាប់ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងបង្រ្កាបក្រុមឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួន។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាមួយលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលអមស្ថានទូតចិនប្រចាំកម្ពុជា និងសហការី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក លី ស៊ាងមីង បានសន្យាបន្តជួយគាំទ្រដល់នគរបាលជាតិកម្ពុជា ទាំងមធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេក​ទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីនគរបាលជាតិកម្ពុជា ដើម្បីរួមសហការលើការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ដើម្បីបង្កើននូវភាពជិតស្និទ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងថ្នាក់ដឹកនាំកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ក្រសួងសន្តិសុខសាធារណៈ​ចិន នឹងអញ្ជើញឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី​ប៉េកាំង។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាពទទួលយកការអញ្ជើញរបស់ភាគី​ចិន ដោយរង់ចាំពិនិត្យលើពេលវេលាសមស្របណាមួយ ដើម្បីអញ្ជើញទៅទស្សនកិច្ច។ ក្នុងជំនួបនេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានគាំទ្រ និងរីករាយស្វាគមន៍នូវរាល់សំណូមពរស្នើសុំផ្តល់កិច្ចសហប្រតិបត្តិការរបស់ភាគីចិន ដោយក្នុងនោះ ឯកឧត្តម ស្នើឲ្យភាគីចិនអនុវត្តឲ្យបានខ្ជាប់ខ្ជួនស្របតាមកិច្ចព្រមព្រៀងរបស់ក្រសួងទាំងពីរ ក៏ដូចជាអនុស្សារណៈ ស្តីពីការបង្កើតការិយាល័យសម្របសម្រួលអនុវត្តច្បាប់៕

អត្ថបទ៖ អក្ខរា