គ.ជ.ប បង្គាប់ឲ្យទណ្ឌិត សម រង្ស៊ី និងបក្ខពួក ៣៦នាក់ទៀត បង់ប្រាក់ពិន័យសរុប ៣៨០លានរៀល

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យដាច់ដោយឡែកពីគ្នា ចំនួន ៣៧ច្បាប់ ទៅកាន់បុគ្គលចំនួន ៣៧នាក់។ ក្នុងនោះ ទណ្ឌិត​ សម រង្ស៊ី ត្រូវបានគ.ជ.ប បង្គាប់​ឱ្យបង់​ប្រាក់ពិន័យចំនួន ២០លានរៀល។ រីឯ​បុគ្គល ៣៦នាក់ទៀត គឺត្រូវបង់ប្រាក់ពិន័យម្នាក់ៗ ១០លានរៀល សរុបជាទឹកប្រាក់ ៣៨០លានរៀល។

ក្នុងលិខិតបង្គាប់របស់ គ.ជ.ប ផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា បានទុកពេល ៣០ថ្ងៃយ៉ាងយូរ បន្ទាប់ថ្ងៃបានទទួលលិខិតបង្គាប់នេះ ដើម្បីឱ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស និងបក្សពួក ៣៦នាក់ផ្សេងទៀត ចូលខ្លួន មកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីខេត្ត ឬនៅទីស្នាក់ការ គជប (ការិយាល័យទទួលពាក្យបណ្តឹង និងស៊ើបអង្កេតជាន់ទី៩)។

គ.ជ.ប បានបញ្ជាក់ថា ក្នុងករណីមិនបង់ប្រាក់ពិន័យ​ដោយស្ម័គ្រចិត្តតាមកាលកំណត់នេះ គ.ជ.ប នឹង​អនុវត្តនីតិវិធីទាមទារប្រាក់ពិន័យ តាមមាត្រា១៦៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

សូមបញ្ជាក់ថា គ.ជ.ប បានសម្រេចលុបឈ្មោះ ទណ្ឌិត សម រង្ស៊ី បក្សពួក រួមនឹងសកម្មជនប្រឆាំងផ្សេងទៀតចេញ​ពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតម្នាក់ៗចាប់ពី ២០ទៅ ២៥ឆ្នាំ និងបានពិន័យប្រាក់ពី ១០ ទៅ ២០​លានរៀល។ ការសម្រេចរបស់ គ.ជ.ប ដូច្នេះ គឺដោយយោងទៅលើបណ្តឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញពីបទធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត៕

អត្ថបទ៖ អក្ខរា