សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង, សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ចាវ ឡឺជី មានជំនឿយ៉ាងមុតមាំថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី នឹងបន្តរីកលូតលាស់ និងអភិវឌ្ឍទៅមុខទៀត ហើយចិននឹងបន្តគាំទ្រកម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ខ្លួន។ ឯកឧត្ដម ចាវ ឡឺជី ក៏បានរំលេចផងដែលថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងចូលរួមកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ហើយប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ។
សម្ដេចធិបតី បានបញ្ជាក់បន្ថែមជូនឯកឧត្ដម ចាវ ឡឺ ជី អំពីការបន្តរក្សាគោលជំហរ និងគោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ទោះជាពិភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ក៏ដោយ។
សម្ដេចធិបតី និងឯកឧត្ដម ចាវ ឡឺជី បានពិភាក្សាបន្ថែមអំពីទិសដៅនៃការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសភា និងសភា។ ជាក់ស្ដែង ក្នុងនាមជាសមាជិកសភាមួយរូប, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ ព្រោះដំណើរទស្សនកិច្ចនេះ នឹងមានផលប្រយោជន៍ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជាពិសេស សម្រាប់សមាជិកសភាវ័យក្មេង ក្នុងការស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនៈជាមួយគ្នា។ ឯកឧត្ដម ចាវ ឡឺជី ក៏បានយល់ស្របចំពោះ ការស្នើនេះ និងប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយ មេត្រីភាព ដោយមិនកំណត់នូវលក្ខខណ្ឌ ឬបង្កប់នូវរបៀបវារៈណាមួយឡើយ។
ទន្ទឹមនឹងការឯកភាពបន្តសហការ, ផ្លាស់ប្ដូរនូវបទពិសោធន៍ និងខិតខំអនុវត្តគម្រោងដែលបាន ព្រមព្រៀងកន្លងមកឱ្យទទួលបានជោគជ័យ, សម្ដេចធិបតី និង ឯកឧត្តម ចាវ ឡឺជី បានឯកភាព ចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌរបស់ប្រទេសជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ។ ជារួម, កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុង នាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបាន, ព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់នូវរាល់ការប៉ុនប៉ង ឬជ្រៀតជ្រែកពីខាងក្រៅ៕