សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយប្រធានាធិបតីចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង

នៅថ្ងៃទី១៥ ខែកញ្ញានេះ ជាបេសកកម្មថ្ងៃទីពីរក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។ នៅព្រឹកថ្ងៃសុក្រនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង។

ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាង​សហ​គមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រ​សម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។

សូមជម្រាបថា ក្នុងបេសកកម្មថ្ងៃទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបប្រធានក្រុមហ៊ុនធំៗចំនួន៤ របស់​ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុន SINOMACH Heavy Equipment Group, ក្រុមហ៊ុន China Road and Bridge Corporation (CRBC), ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group និងក្រុមហ៊ុន Huawei Technology Co., Ltd។

នាពេលល្ងាច សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយលោកជំទាវ បានចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទ៖ អក្ខរា