អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា៖ «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នៅចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រលំ ដែលបានផ្សព្វផ្សាយថ្មីៗនេះដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW អ្នកនាំពាក្យក្រសួងការបរទេស មានភាពចាំបាច់ក្នុងការ បង្ហាញអំពីព័ត៌មានពិតមួយចំនួន ដូចតទៅ៖
១. ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួម ទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការ ប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់ អ.ស.ប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។
២. ការបំភ្លេចចោលដោយចេតនាចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា គឺជាឧទាហរណ៍ន ការអត្ថាធិប្បាយប្រកបដោយភាពលម្អៀងរបស់អង្គការHRW ជោគជ័យរបស់កម្ពុជាជា ច្រើន រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកនូវវិធានការគាំពារសង្គមសម្រាប់ក្រុមពលរដ្ឋងាយរងគ្រោះ កម្មវិធីជាគំរូក្នុងការ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ភាពប្រសើរឡើងនៃអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ និង ការរីកចម្រើនក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ត្រូវបានមើលរំលងជាប្រព័ន្ធដោយអង្គការមួយនេះ។
៣. . វឌ្ឍនភាពគួរឱ្យកោតសរសើររបស់កម្ពុជាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព(SDGs) របស់ខ្លួន ត្រូវបានស្ដែងឡើង តាមរយៈអត្រា ៧២,៥% នៃសូចនាករ និងអនុសូចនាករ SDGs របស់កម្ពុជា ដែលកំពុងស្ថិតក្នុងមាគ៌ាសម្រេចបានតាមគោល ដៅកំណត់។ គួរឱ្យកត់សម្គាល់ដែរថា ឯកអគ្គរដ្ឋទូតលោកខាងលិចមួយរូបប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកសរសើរកម្ពុជាថា ជាប្រទេសនៃ «អព្ភូតហេតុសេដ្ឋកិច្ច»។
៤. ការថ្លែងថា ការបោះឆ្នោតទូទៅឆ្នាំ២០២៣ ត្រូវបានធ្វើឡើងក្រោមការរឹតត្បិតលំហយ៉ាង ធ្ងន់ធ្ងរនោះ គឺមិនមែនជាការពិតទាល់តែសោះ។ ការពិត ការបោះឆ្នោតនេះ ដែលមាន គណបក្សចំនួន១៨ប្រកួតប្រជែងគ្នា ជាមួយនឹងអត្រានៃអ្នកទៅចូលរួមបោះឆ្នោតដ៏គួរឱ្យ កត់សម្គាល់រហូតដល់ជិត៨៥% បានគូសបញ្ជាក់ពីភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជាទៅវិញទេ។ កំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតដ៏ខ្ពស់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់របស់ប្រជាពលរដ្ឋចំពោះដំណើរការបោះឆ្នោតនិងបញ្ជាក់ពីការបដិសេធរបស់ពួកគាត់ ចំពោះការអំពាវនាវឱ្យធ្វើពហិការចំពោះការបោះឆ្នោតពីសំណាក់ អ្នកនយោបាយជ្រុលនិយម។ សេចក្ដីថ្លែងការណ៍នានារបស់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ដែលតំណាងឱ្យ ៦៥ប្រទេស បានសបញ្ជាក់ឱ្យឃើញថា ការបោះឆ្នោតទូទៅ នេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងប្រកបដោយបរិយាប័ន្ន ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ជាធរមាន។
៥. អង្គការ HRW តែងតែធ្វើមិនដឹងមិនឮម្ដងហើយម្ដងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះ ថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន។ ក្រុមនោះបានផ្សព្វផ្សាយព័ត៌មានមិន ពិត ជេរប្រមាថ និងបង្កាច់បង្អួចមិនរើសមុខ ញុះញង់ឱ្យមានអំពើហិង្សានិងស្អប់ខ្ពើម ជាតិសាសន៍ ព្រមទាំងអំពាវនាវដោយចំហឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាលផងដែរ។ សកម្មភាពបែបនេះគឺផ្ទុយទៅនឹងគោលការណ៍នៃការបញ្ចេញមតិប្រកបដោយភាពទទួលខុសត្រូវ និងតាមបែបលទ្ធិប្រជាធិបតេយ្យ។
៦. ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពី ឆ្នាំ ២០១៤ នៅពេលដែលអតីតឧបការីនៃអគ្គលេខាធិការអ.ស.បចំនួន ១រូប ម្ចាស់ជ័យ លាភីពានរង្វាន់ណូបែលសន្តិភាពចំនួន ២រូប និងក្រុមបញ្ញវ័ន្តប្រមាណជាង ១០០រូបផ្សេង ទៀត បានធ្វើការរិះគន់ជាសាធារណៈចំពោះភាពលំអៀង និងស្តង់ដាពីរដែលអង្គការមួយ នេះបានប្រកាន់យក៕