សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចធិបតី បានអរគុណចំពោះការអបអរសាទរ និងបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេស ការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ តាមរយៈការធានាបាននូវបរិស្ថានល្អ។ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជាស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែម អំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជន ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។
សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។
ឯកឧត្តម វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ៕