សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត, កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កោតសសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទើបកាន់តំណែងនាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិថ្មី អាចគ្រប់គ្រងលើការងារទាំងស្រុងបានយ៉ាងល្អ ផ្ទុយពីការគិតទុករបស់សម្តេចតេជោ។

សម្តេចតេជោលើកឡើងបែបនេះលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោបានបញ្ជាក់ថា សម្តេចកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ សម្តេចបន្តថា ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ សម្តេចអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។

សម្តេចតេជោបានបញ្ជាក់ទៀតថា៖ “មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។ ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ”។

“កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ”។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទ៖ អក្ខរា