អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សាករណីការរស់នៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្បែរជើងភ្នំគូលែន។ អាជ្ញាធរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានៅចំការគ្មានច្បាប់ទម្លាប់ បង្កភាពអាណាធិបតេយ្យ ហើយថែមទាំងមានការទន្ទ្រានយកដីពលរដ្ឋនៅជាប់តំបន់នោះទៀតផង។
ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាកព័ន្ឋនានា ត្រូវបន្តជាប្រចាំក្តាប់សភាពការណ៍ ស្ថានភាពការជួបជុំប្រមូលផ្តុំ តែចំពោះការជួបជុំគ្មានសុំការអនុញ្ញាតិពីអាជ្ញាធរនោះ គឺដាច់ខាតមិនឲ្យមានការប្រមូលផ្តុំនេះឡើយ បើការជួបជុំប្រមូលផ្តុំពុំមានការអនុញ្ញាតិពីអាជ្ញាធរដែនដីទេ កម្លាំងសមត្ថកិច្ចត្រូវអនុវត្តតាមផ្លូវច្បាប់។
លោកក៏បានណែនាំបន្ថែមពីនេះ ដល់អាជ្ញាធរស្រុកពាក់ព័ន្ធត្រូវប្រមូលឯកសារ និងសម្រង់ទិន្នន័យព័ត៌មាន និងក្តាប់សភាពការណ៍ឱ្យបានជាប្រចាំនៅចំណុចចំការរបស់លោក ខឹម វាសនា នូវរាល់សកម្មភាពនៃការចេញចូលរបស់គ្រួសារ និងសកម្មជនទាំងនោះ ទៅលើជីវភាពរស់នៅប្រចាំថ្ងៃ ការសិក្សារបស់កុមារតូចៗ ការស្វែងរកសេវាព្យាបាលជំងឺជាដើម ដោយវាយតម្លៃសន្និដ្ឋានត្រៀមជាមុនដើម្បីឆ្លើយតបបានលឿនទាន់ពេលសម្រាប់ជូនថ្នាក់ដឹកនាំ។
លោកអភិបាលរងក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានជឿងប់ទៅ តាមការឃោសនារបស់លោក ខឹម វាសនា ដែលនៅសេសសល់ប្រមាណជា ៣០០នាក់ មិនព្រមចាកចេញពីដីចំការ១២ហិកតា ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅដីចំការនោះ បានកំពុងរុករានទន្ទ្រានយកដីប្រជាពលរដ្ឋនៅជាប់តំបន់នោះទៀតផង។
ករណីនេះ លោក ខឹម វាសនា បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី១៣ ខែកញ្ញានេះថា ការផ្សាយជាសាធារណៈថាក្រុមលោករំលោភដីគេជារឿងគួរឲ្យអស់សំណើច។ លោកបានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់លោកថា៖ “រឿងដីចំការយើងនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាបយើងនេះ ថ្វីបើភាគីគេមិនបានរស់នៅលើដី និងមានលិខិតកាន់កាប់មិនចំទីតាំងដែលដីស្ថិតនៅ គឺស៊ីញ៉េដោយមេឃុំបាល្ល័ង្គ ស្រុកប្រាសាទបាគង ហើយក្រោយយើងទៀត គឺគេនៅឆ្នាំ២០១៨ ភាគីយើងរស់នៅលើដីនិងមានលិខិតកាន់កាប់ចេញដោយមេឃុំត្បែងស្រុកបន្ទាយស្រី គឺត្រឹមត្រូវទាំងលិខិតបញ្ជាក់ទីតាំងដីនិងបានរស់នៅលើដីមុនគេក៏ដោយ តែពូសំរេចដោយខ្លីថា អោយមន្ត្រីសុរិយោដីចុះមកវាស់វែងកំនត់ទីតាំងដីអោយត្រឹមត្រូវច្បាស់លាស់ទៅ បើទីតាំងដីនោះនៅក្នុងទីតាំងឃុំបាល្ល័ង្គស្រុកប្រសាទបាគង គឺភាគីយើងសំរេចថាអោយដីនោះទៅភាគីគេទៅ មិនតវ៉ាស្អីទេ ប៉ុន្តែបើមន្ត្រីសុរិយោដីដែលមានសមត្ថកិច្ចវាស់វែងកំណត់ទីតាំងដីចេញលិខិតបញ្ជាក់ថាដីនោះមានទីតាំងនៅឃុំត្បែងស្រុកបន្ទាយស្រីទេ យើងត្រូវតែយកដីនោះដាច់ខាត”។
តាមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្រុមអ្នកគាំទ្រ និងសកម្មជន គណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើសកម្មភាពក្នុងការប្រមូលផ្តុំគ្នានៅក្នុងភូមិសាស្ត្រ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយពុំបានធ្វើការស្នើសុំច្បាប់អនុញ្ញាតិពីថ្នាក់មូលដ្ឋានឡើយ ដោយក្នុងមួយសប្តាហ៍ មកជួបជុំគ្នា៤ដង ដែលសកម្មភាពទាំងនេះ បានបង្កនូវភាពអាណាធិបតេយ្យ ភាពអសន្តិសុខនៅ ក្នុងមូលដ្ឋាន និងសង្គម ដូចគ្នានឹងការប្រមូលផ្តុំនៅចំណុចចំការ របស់លោក ខឹម វាសនា កន្លងមកដែរ៕
អត្ថបទ៖ អក្ខរា