ក្រសួងរៀបចំដែនដី បង្កើតក្រុមការងារកសាង «ប្លង់គោលក្រុងអរិយក្សត្រ»​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបង្កើតក្រុមការងារកសាង «ប្លង់គោលក្រុងអរិយក្សត្រ»​។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមកសាង “ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងអរិយក្សត្រ” ខេត្តកណ្តាល​នៅសាលាក្រុងអរិយក្សត្រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម បេង​ហុងសុជាតិខេមរ៉ូ​ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ដោយមានការចូលរួមពីក្រុមការងារគាំទ្របច្ចេកទេសអគ្គនាយក ក្រុមការងារបច្ចេកទេសនៃមន្ទីរ​ដែនដី ខេត្តកណ្តាល ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមការងារនៃការិយាល័យក្រុង ចៅសង្កាត់ចំណុះក្រុងផងដែរ។

កិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយពីគោលបំណង​និងនីតិវិធីនៃការកសាងប្លង់គោល ស្នើសុំកិច្ចសហការនិងជម្រាបជូនពីភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋាន ស្នើសុំឱ្យអាជ្ញាធរក្រុង សង្កាត់​ ប្រមូលទិន្នន័យពាក់ព័ន្ធមួយចំនួន
និងចុះពិនិត្យទីតាំងមានបញ្ហា​សក្តានុពលសំខាន់ៗ ក្នុងក្រុងអរិយក្សត្រ និងទីប្រជុំជនស្រុកល្វាឯម។

ជាលទ្ធផលកិច្ចប្រជុំ សម្រេចបង្កើតក្រុមការងារកសាងប្លង់ «ប្លង់គោលក្រុងអរិយក្សត្រ»​ , ជួបចង្អៀតជាមួយក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យផែនទីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ជួបជាមួយដៃគូអភិវឌ្ឍន៍ដែលកំពុងមានវត្តមានក្នុងក្រុង (ធនាគារ ADB) និងជួបជាមួយអ្នកវិនិយោគ និងអភិវឌ្ឍន៍អចលនវត្ថុសំខាន់ៗ៕

អត្ថបទ៖ អក្ខរា