“គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណប ពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅដ្ឋាន ឱ្យស្របតាមគោលដៅនេះ”។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
ដោយឡែក ក្នុងជំនួបពិភាក្សាការងារ ជាមួយតំណាងអង្គការ Wild Life ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការចុះបញ្ជីដីរដ្ឋដូចជា តំបន់ការពារធម្មជាតិ គម្របដីព្រៃកសិកម្ម និងបឹង ព្រែកដែលជារបស់រដ្ឋ នឹងអាចបញ្ឈប់ការទន្ទ្រាន ការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងអាចប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តភាព និងការពារបាននូវជីវចំរុះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា៖ “ភារកិច្ចរបស់យើង គឺរៀបចំផែនការប្រើប្រាស់ដីធ្លីស្របតាមធនធានដែលមាន ប្រែក្លាយតំបន់ទាំងនោះអោយទៅជារបៀងអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ទាក់ទាញវិនិយោគ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ”៕
អត្ថបទ៖ អក្ខរា