ក្រសួងយុត្តិធម៌ បានឲ្យដឹងថា កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្ដល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្ដល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជានៅតាមបណ្តាប្រទេសនានា ហើយក្រសួងយុត្តិធម៌នឹងធ្វើការជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាពេលខាងមុខ។ ក្រសួងយុត្តិធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា ក្រសួងយុត្តិធម៌ បានបើកដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ដើម្បីរួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ ដោយត្រូវចូលទៅកាន់គេហទំព័ររបស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពីAPP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ប្រព័ន្ធ Android។
ការដាក់ដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ ផ្តល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឲ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈកុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោសជាមុនបន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច។
ទន្ទឹមនឹងការដាក់ឲ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចអញ្ជើញមកបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ៕
អត្ថបទ៖ អក្ខរា