ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញកម្រងរូបភាពអំពីផ្ទះចាស់ដែលជាកន្លែងធ្វើអាជីវកម្មបែបច្នៃប្រឌិត ដោយបានជួសជុល និងកែលម្អពីសំណង់ចំណាស់ ថែមទាំងមានការដាំរុក្ខជាតិនៅក្នុងផ្ទះជាច្រើនកន្លែង ដែលរដ្ឋមន្ត្រីចាត់ទុកថា ជាការនិយមចូលចិត្តឡើងវិញរបស់មនុស្សសម័យថ្មី។
តាមរយៈបណ្តាញសង្គមឯកឧត្តម សាយ សំអាល់ នៅថ្ងៃទី១០ ខែកញ្ញា បានលើកឡើងថា៖ “ផ្ទះល្វែងខ្មែរច្រើនសាងសង់អោយមានថែវមុខផ្ទះ (ប្រាំជំហានដើរ) នៅខាងមុខបរិវេណប្រកបអាជីវកម្ម ដែលចំពោះជាន់ផ្ទាល់ដី បរិវេនអាជីវកម្ម (ល្វែងធំ) នេះត្រូវបានកាត់ផ្តាច់ធ្លាខាងក្រោយផ្ទះ (ល្វែងតូច) ដោយលំហជណ្តើរ ។ គេសាងសង់ជណ្តើរនៅចំកណ្តាល ដោយទុកអោយមានលំហូខ្យល់ (អណ្តូងខ្យល់) ហើយមានពន្លឺជះចូលពីដំបូល អាចសម្រាកលំហែ។ នៅបរិវេណនេះគេនិយមដាំរុក្ខជាតិលម្អ ដើម្បីបង្កើនសោភ័ណភាព លំហនេះបានស្រូបនូវផ្សែងក៏ដូចជាក្លិនពីការចម្អិនម្ហូបនៅបរិវេណផ្ទះបាយខាងក្រោយជាប់នឹងជណ្តើរនេះបញ្ចេញទៅខាងក្រៅផ្ទះតាមរយៈដំបូល នេះគឺជាការបឺតខ្យល់តាមបែបធម្មជាតិដោយពុំចាំបាច់ប្រើម៉ាសុីន បើគេរចនាតាមក្បួនខ្នាតត្រឹមត្រូវ”។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តថា៖ “បច្ចុប្បន្នការដាំរុក្ខជាតិនៅក្នុងផ្ទះ ជាការនិយមចូលចិត្តឡើងវិញរបស់មនុស្សសម័យថ្មី។ ភាពមមាញឹករបស់ទីក្រុង បានបង្កើនអោយមានវិបត្តិជាច្រើននៅក្នុងការរស់នៅនិងប្រកបរបររបស់ប្រជាជន។ ការដាំរុក្ខជាតិនៅក្នុងផ្ទះឬការិយាល័យអាចកាត់បន្ថយនូវភាពតានតឹងនិងបង្កើតនូវប្រសិទ្ធិភាពនៃការងារអោយកាន់យែប្រសើរ ។ រុក្ខជាតិអាចស្រូបយកឧស្ម័នមិនល្អ និងសាយភាពនូវក្លិនក្រអូបប្រហើរ អាចបន្ធូរអារម្មណ៍នឿយហត់តប់ប្រមល់ ដែលរុក្ខជាតិខ្លះក៏អាចធ្វើអោយការសះស្បើយនៃជំងឺបានឆាប់រហ័ស។ ពិសេសជាងនេះទៅទៀត រុក្ខជាតិក៏អាចកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន។ រុក្ខជាតិគឺជាសិល្បៈម្យ៉ាង ប្រដូចទៅនឹងគំនូរមានពណ៌ចម្រុះ”៕
អត្ថបទ៖ អក្ខរា